web analytics
Tuesday, June 22, 2021

ប្រជាពលរដ្ឋចំនួន ១២៥០ គ្រួសារ នៅខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ ទទួលអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងសប្បុរសជន

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ និងលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ រួមជាមួយវត្តមានអភិបាល-អភិបាលរងខណ្ឌ៧មករា ខណ្ឌឬស្សីកែវ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងសមាជិក និងសហការីជាតិ និងអន្តរជាតិមួយចំនួន បានអញ្ជើញចុះចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី, សប្បុរសជនជាតិនិងអន្តរជាតិ នៃសមាគម, មន្ទីរពេទ្យសូរិយា និងសប្បុរសជនមួយចំនួនទៀត ចែកជូនប្រជាពលរដ្ឋចំនួន ១,២៥០គ្រួសារ កំពុងជួបការលំបាកដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ដែលរៀបចំទទួលនិងបែងចែកបន្តតាមរយ: មូលនិធិកម្ពុជាប្រឆាំងជម្ងឺកូវីដ-១៩ បង្កើតដោយ Group Telegram AntiCovid19 Cambodia ។

ក្នុងឱកាសនោះ លោក ហោ សេរីវឌ្ឍន៍ តំណាងម្ចាស់ជំនួយក៏បានពាំនាំការសួរសុខទុក្ខដល់ប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជាគំរូរបស់យុវជនគ្រប់រូបក្នុងការចូលរួម និងដឹកនាំការប្រយុទ្ធប្រឆាំងការរីករាលដាលនូវជម្ងឺកូវីដ-១៩ នៅកម្ពុជា។ លោកក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកទាំងពីរ ក៏ដូចជាសប្បុរសជនផ្សេងៗ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកនាពេលនេះ។

ជាចុងក្រោយ លោកក៏បានសំណូមពរនិងលើកទឹកចិត្តឲ្យ ប្រជាពលរដ្ឋ ១. មានសង្ឃឹមជឿជាក់ និងភាពអត់ធ្មត់ខ្ពស់ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជម្ងឺនេះ, ២. ចែករំលែកគ្នាទៅវិញទៅមកនូវគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យ ទៅអ្នកជិតខាងដែលត្រូវការចាំបាច់ផ្សេងទៀត និង ៣. គោរពអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ហើយបន្តនៅក្នុងផ្ទះកុំចេញក្រៅបើបើមិនចាំបាច់ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច។

គួរជាកត់សម្គាល់ផងដែរថា សប្បុរសជនជាតិ និងអន្តរជាតិជាច្រើនបានចូលរួមបរិច្ចាកតាមរយៈមូលនិធីកម្ពុជាប្រឆាំងកូវីដ-១៩ បង្កើតដោយ Group Telegram: AntiCovid19Cambodia ក្នុងគោលបំណងឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងទ្រទ្រង់ដល់គ្រូពេទ្យអាវសគ្រប់រូប និងស្ថាប័នពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានជាច្រើនករណី តាំងពីខែមេសា ឆ្នាំ២០២០ មកដល់ពេលនេះ។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ ក្នុង ១ គ្រួសារ នាពេលនេះរួមមាន៖ អង្ករ ២៥ គីឡូ, មី ១ កេស, ត្រីខ ១យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ប្រេងឆា ១ ដប, ស្កសរ ១ គីឡូ និងកញ្ចាប់ថ្នាំព្យាបាលបឋម និងម៉ាស់៕

 


- Advertisement -
- Advertisement -