web analytics
Friday, February 26, 2021

ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា ចូលរួមបោះជំហានដ៏ធំក្នុងការរួបរួមរវាងទូរទស្សន៍យក្សចំនួន២នៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។

គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ដែល​មាន​ឈ្មោះថា​ «​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​គ្រុប ខូអិល ធីឌី​» ដែលមាន​ការចូលរួម​ភាគហ៊ុន​ដោយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​។

ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​មួយ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ដែល​នឹង​ផ្តល់ជូន​នូវ​សេវា និង​ជម្រើស​ទូរទស្សន៍​ឌីជីថល​ដ៏សម្បូរបែប ព្រមទាំង​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ សំដៅ​លើកស្ទួយ​ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ត្រជាក់​ភ្នែក ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។​

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​គុណភាព រូបភាព វីដេអូ សម្លេង និង​កម្មវិធី​ផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ច្រកចេញចូល​តែមួយ ហើយ​ក៏​ចូលរួម​ធានាបាន​នូវ​ការផ្លាស់ប្តូរ ការផ្សាយ​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ជា​ប្រព័ន្ធ​ឌីជីថល​ដោយ​រលូន​ឲ្យ​បាន​ទាន់ពេល​កំណត់​មុន​ឆ្នាំ​ ២០២៣​ ផងដែរ៕


- Advertisement -
- Advertisement -