ជាឱកាសពិសេសហើយ សម្រាប់អ្នកដែលស្រលាញ់ខាងវិស័យតែងនិពន្ធ ចង់ទទួលបានការសិក្សា ច្បាស់លាស់ និងមានសញ្ញាបត្រត្រឹមត្រូវដែលទទួលស្គាល់ ដោយសារតែពេលនេះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ផ្ដើមបង្កើតជំនាញតែងនិពន្ធជំនាន់ទី១ក្នុងឆ្នាំ២០២១ ហើយ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ។
សម្រាប់ការសិក្សាថ្នាក់បរិញ៉ាបត្រ ដែលមានរយៈពេលសិក្សា៤ឆ្នាំនេះ និស្សិតនឹងមានសមត្ថភាពចេះនិពន្ធល្ខោន និពន្ធរឿងភាពយន្ត និពន្ធប្រលោមលោក និពន្ធកំណាព្យ និពន្ធរឿងល្ខោនវិទ្យុ និពន្ធទំនុកច្រៀង និងនិពន្ធរឿងរបាំគ្រប់ទម្រង់។ ដោយកន្លងមក ការតែងនិពន្ធ ក៏ជាមុខវិជ្ជាមានស្រាប់ទៅហើយ នៅក្នុងជំនាញដឹកនាំរឿងរបាំបុរាណ របាំប្រពៃណី និងដឹកនាំរឿងល្ខោន ប៉ុន្តែនេះគឺជាជំនាញដាច់ដោយឡែក ផ្តល់សញ្ញាបត្រតែងនិពន្ធតែម្ដង។
សម្រាប់អ្នកដែលស្រលាញ់វិស័យនិពន្ធ និងចង់ច្បាស់លាស់ចំណេះដឹងខាងនិពន្ធនេះ បេក្ខជនអាចរកទិញពាក្យចូលរៀនជំនាញតែងនិពន្ធនេះបាននៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានត្រឹមថ្នាក់បរិញ្ញាបត្រតែប៉ុណ្ណោះ។ តម្លៃសិក្សាឆ្នាំមូលដ្ឋាន(ឆ្នាំទី១) ៤០០ដុល្លារក្នុងមួយឆ្នាំ ហើយឆ្នាំទី២ដល់ទី៤ តម្លៃ៥០០ដុល្លារក្នុងមួយឆ្នាំ៕