ពិតជាទឹកចិត្តដ៏ប្រពៃមែន លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ ដែលអ្នកផលិតករ និងអ្នកដឹកនាំរឿងដ៏ល្បីក្នុងវិស័យភាពយន្តល្បីៗជាច្រើនរឿង ជាពិសេសគឺរឿង « ដើម្បីកូន » បានបង្កើតកម្មវិធីមួយ នោះគឺការអញ្ជើញតាៗ និងអ៊ំៗធាក់ស៊ីក្លួ ចំនួន ៧០នាក់ ចូលរួមទស្សនារឿង «ដើម្បីកូន» រួមទាំងមានការផ្តល់ជូនអំណោយបន្តិចបន្តួចផងដែរ។
ដោយកម្មវិធីនេះ នឹងប្រព្រឹត្តិឡើងនៅក្នុងរោងភាពយន្ត Legend Cinema សាខា Eden ម៉ោង២រសៀល ហើយបន្ទាប់ពីការមើលកុនរួច នឹងមានកម្មវិធីចែកជូនថវិកាបន្តិចបន្តួចតាមលទ្ធភាពដែលទទួលបានពីសប្បុរសធម៌នានា។
តាមរយៈលោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «ថ្ងៃពុធថ្ងៃសីលទី១៣ខ្ញុំធ្វើកម្មវិធីអញ្ជើញពូស៊ីក្លូមើលកុន៧០នាក់ មានអ្នកចិត្តបុណ្យចង់ជួយគាត់ទេ ABA ខ្ញុំ 000205738 / huy yaleng»។
គួរឱ្យកត់សម្គាល់ផងដែរថា កម្មវិធីអញ្ជើញពូៗអ៊ំធាក់ស៊ីក្លូ មកទស្សនាកុននេះ មានអ្នកមានចិត្តសប្បុរសជាច្រើនបានរួមចំណែកថវិកាតិចតួចតាមសទ្ធា ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្តល់ថវិកាក្នុងកម្មវិធីនេះផងដែរ៕