web analytics
Saturday, April 10, 2021

ទឹកភ្នែកក្តុកក្តួល!​ នេះជាហេតុផលជាក់ស្តែង ដែលឪពុកម្តាយគួរនាំកូនៗ មកទស្សនាភាពយន្ត «ដើម្បីកូន»

ក្រោយការផ្ទុះជំងឺឆ្លងសកលកូវីត១៩ ​បានកន្លងផុត និងពន្យារពេលចាក់បញ្ចាំងចំនួន៣ដងរួច ​ពេលនេះ ​រឿងដើម្បីកូន បានចាក់បញ្ចាំងជាថ្មីម្តងទៀតហើយ។

ដោយទស្សនិកជាដែលទស្សនារឿងនេះរួច តែងតែផ្តល់យោបល់ជាក់ស្តែងថា ឪពុកម្តាយគួរនាំកូនៗមកទស្សនាភាពយន្តដើម្បីកូនមួយនេះ ដែលជាភាពយន្តពោរពេញដោយទឹកភ្នែកក្តុកក្តួល។ ហើយក៏អប់រំកូនៗឱ្យដឹងពីការលះបង់ និងទុក្ខលំបាករបស់ឪពុកម្តាយដែរ ​ដោយភាពយន្តនេះថែមទាំងធ្វើឱ្យកូនៗមួយចំនួនមានការឈឺចាប់ទទួលកំហុសដែលខ្លួនបានធ្វើបាបលោកពុក។

ចំណែកអត្ថបទមួយទៀតរបស់ទស្សនិកជនមួយរូបទៀតក៏បានបរិយាយប្រាប់កូនៗអោយបានយល់ទៅតាមសាច់រឿង ហើយកូនៗគាត់ដែលមិនស្គាល់ពីទុក្ខលំបាកឪពុកម្តាយគឺក្រោយពីទស្សនាហើយ ពួកគាត់កាន់តែយល់ច្បាស់ពីឪពុកម្តាយ ហើយសន្យានិងឪពុកម្តាយខិតខំយកពេលរៀនអោយបានច្រើន ជាជាងយកពេលចុចទូរស័ព្ទលែងហ្គេមថែមទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Say Sorphea បានរៀបរាប់ពីចំណាប់អារម្មណ៍របស់ខ្លួនពេលនាំកូនៗទៅទស្សនារឿង ដើម្បីកូន​ រួចថា៖​ « កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំ និងកូនៗព្រមទាំងស្វាមី បានទៅទស្សនាខ្សែភាពយន្តខ្មែរដែលមានចំណងជើងថា”ដើម្បីកូន” ដែលជារឿងខ្នាតធំបែបអប់រំ ។ ខ្ញុំ កូនៗខ្ញុំគ្រប់គ្នាយំឡើងហើមភ្នែកព្រោះអាណិតតួរអង្គជាឪពុកដែលខិតខំតស៊ូគ្រប់បែបយ៉ាងដើម្បីកូន ទោះបីជាខ្លួនពិការក៏ដោយ នៅចុងក្រោយគាត់ត្រូវបាត់បង់ជីវិត ក្នុងនាមជាឪពុកមួយរូបដ៏អស្ចារ្យ។ បន្ទាប់ពីមើលរឿងចប់ ពួកយើងត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវខ្ញុំចាប់ផ្តើមលើកយកចំនុចសំខាន់ៗនៃសាច់រឿងមកអប់រំកូន។
ខ្ញុំ : កូន! ហេតុអ្វី? បានជាស្រីស ទារទូរសព្ទពីឪពុកគាត់? ហើយឪពុកនាងយល់ព្រមឱ្យនាងក្នុងពេលដែលខ្លួនគាត់មិនមានប្រាក់គ្រប់គ្រាន់ មិនមានសូម្បីលុយបង់ឈ្នួលផ្ទះ?
កូនៗ : ចាំស្តាប់ដោយមិនមាននរណាមាត់មួយម៉ាត់ ។
ខ្ញុំ : កូនដឹងអត់? ដោយហេតុតែទឹកចិត្តស្រលាញ់ចំពោះកូន ទោះបីខ្វះខាតប៉ុណ្ណា ក៏ឪពុកម្តាយ ព្យាយាមរកដើម្បីកូនៗ ។ មិនប្រាកដថាអ្វីដែលកូនៗចង់បានសុទ្ធតែឪពុកមា្តយអាចរកបានមកបំពេញតាមតម្រូវការរបស់កូនៗបានទឿយ ។ ជួនកាល ការចង់បានរបស់កូនៗ បានបង្កើតជាបន្ទុកដ៏ធ្ងន់របស់ឪពុកម្តាយ ។ ជាពិសេសចំពោះគ្រួសារដែលមានភាពទីទាល់ក្រ។
ខ្ញុំ : កូនដឹងអត់? ហេតុអី? ត្រង់វគ្គកូនប្អូនឈឺ ពុកសុខចិត្តបូមឈាមលក់យកប្រាក់មកព្យាបាលកូន ដើម្បីឱ្យកូនប្អូនរួចផុតពីគ្រោះថ្នាក់ ដោយមិនគិតពីជីវិតរបស់ខ្លួន រហូតគាត់ត្រូវបាត់បង់ជីវិត
កូនៗ : ម្នាក់ៗនៅស្ងៀម ។
ខ្ញុំ : កូនដឹងអត់? ទឹកចិត្តឪពុកម្តាយត្រង់នេះគឺបង្ហាញថា គាត់ស្រលាញ់កូនស្មើៗគ្នា ហ៊ានលះបង់ទាំងជីវិតដើម្បីកូនៗ ។
ខ្ញុំ : កូនដឹងអត់? ហេតុអ្វីបានជាសាច់រឿងហ្នឹង គេលេងបង្ហាញតួអង្គពីរគ្រួសារគឺតួអង្គគ្រួសារមួយជាអ្នកមាន និងតួអង្គមួយទៀតជាគ្រួសារអ្នកក្រីក្រ? ហេតុអ្វីបានជាតួរអង្គទាំងពីរ សុទ្ធតែមិនពេញចិត្តនឹងឪពុក ហើយខឹងនឹងឪពុកខ្លួនឯង?
កូនៗ : មិននិយាយទាំងអស់ ហើយអង្គុយចាំស្តាប់យ៉ាងយកចិត្តទុកដាក់។
ខ្ញុំ : កូន! ក្នុងសាច់រឿងនេះ អ្នកនិពន្ធចង់បង្ហាញថា មិនថាអ្នកមាន ឬអ្នកក្រឡើយ ទឹកចិត្តឪពុកម្តាយ គឺស្រលាញ់កូនដូចៗគ្នា បារម្ភពីកូនដូចៗគ្នា ប៉ុន្តែកូនៗខ្លួនឯងទេដែលមិនពេញចិត្តនឹងអ្វីដែលខ្លួនកំពុងតែមាន។
ពេលនោះដែរ ខ្ញុំក៏បានយករឿងផ្សេងមួយទៀតដែលជាទិដ្ឋភាពជាក់ស្តែងមកអប់រំកូន។
ខ្ញុំ : កូនឃើញអត់? ហេតុអ្វីបានជាអ្នកដែលមិនមានលទ្ធភាពបង់ប្រាក់រៀនសាលាថ្លៃៗ គេចង់រៀន? ហេតុអ្វីពួកកូនមានប្រាក់រៀនសូត្រហើយ កូនមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រ? កូនៗកើតមកក្នុងគ្រួសារអ្នកមាន មានកាយសម្បទារឹងមាំ ប្រាជ្ញាវៀងវៃ ទាំងនេះគឺជាការប្រទានរបស់ព្រះ ដើម្បីចាត់កូនឱ្យមកជួយសង្រ្គោះមនុស្សលោកដែលពួកគាត់ខ្វះខាត ដែលមិនមានកាយសម្បទាពេញបរិបូណ៍ ។ បើសិនកូនៗមិនបានយកចិត្តទុក្ខដាក់រៀនសូត្រទេ ទេវតានឹងខកចិត្តដែលគាត់ខំប្រទានគ្រប់យ៉ាងឱ្យកូន ។ ចុះបើកូនមិនមានចំណេះគ្រប់គ្រាន់ តើកូនអាចទៅបំពេញការងារដើម្បីរកប្រាក់បានទេ? ចុះបើគ្មានប្រាក់ តើកូនអាចទៅបំពេញកាតព្វកិច្ចជាទ័ពទេវតា ដើម្បីទៅសង្គ្រោះដល់មនុស្សដែលពួកគាត់កំពង់តែខ្វះខាតដែរ ឬទេ?
កូនៗ : មិនមាត់ ចាំស្តាប់
ខ្ញុំ : កូន! តើម៉ាក់អាចសុំដកទូរសព្ទពីកូនៗ ទុកក្នុងទូរដែក ហើយម៉ាក់អនុញាត្តិឱ្យកូនលេងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយម៉ាក់ចង់ឱ្យកូនៗខិតខំរៀនសូត្របន្ថែមទៀតបានអត់?
កូនៗ : ចាសម៉ាក់ បាទម៉ាក់ កូនៗយល់ព្រម
ខ្ញុំ : ល្អណាស់កូន ម៉ាក់ស្រលាញ់កូនខ្លាំងណាស់ ។
នៅពេលមកដល់ផ្ទះ ពួកគាត់បានប្រគល់ទូរសព្ទមកឱ្យខ្ញុំគ្រប់ៗគ្នា ។ ខ្ញុំបានចាក់សោរទុកជាប្រញ៉ាប់ ខ្លាចលោកកូនដូរចិត្ត»។

សង្ឃឹមថាភាពយន្តមួយនេះនឹងបានទៅដល់កូនៗជាទីស្រលាញ់និងឪពុកម្តាយក្រុមគ្រួសារទាំងអស់ ដើម្បីចែករំលែកគុណតម្លៃឪពុក។ គួរឱ្យដឹងផងដែរថាខ្សែភាពយន្តជីវិតស្តីពីការលះបង់ដ៏ធមធេងរបស់ឪពុករឿង « ដើម្បីកូន » ចាក់បញ្ចាំង ចាប់ពីថ្ងៃទី ៧មករា ឆ្នាំ២០២១ នេះតទៅហើយ៕

សូមទស្សនាទិដ្ឋភាពទស្សនិកជនដែលបានទស្សនារឿងដើម្បីកូន ខាងក្រោមទាំងអស់គ្នា៖


- Advertisement -
- Advertisement -