ដូចយើងដឹងហើយថា បច្ចុប្បន្ននេះជំងឺកូវីត១៩ បាននឹងកំពុងតែធ្វើឱ្យពិភពលោកភ័យខ្លាច សូម្បីតែប្រទេសកម្ពុជាយើងក៏រងផលប៉ះពាល់ខ្លាំងដែរ ដោយត្រូវតែរក្សាអនាម័យ រក្សាគម្លាតសង្គម និងចៀសវាងការជួបជុំផ្សេងៗដើម្បីការពារការឆ្លងរាលដាលនៃជំងឺនេះ។
ជាក់ស្តែង ដើម្បីតបតាមការណែនាំរបស់ក្រសួងសុខាភិបាល រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរទូទាំងប្រទេស បានបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
នៅក្នុងនោះលោក កថាជ័យ ដែលជាផលិតករ និងអ្នកដឹកនាំរឿងល្បី ជាពិសេសគឺភាពយន្តចុងក្រោយ «រឿងដើម្បីកូន » ក៏បានសម្តែងនូវក្តីសោកស្តាយ និងបាក់ទឹកចិត្តជាខ្លាំង ដែលរបរឆ្នាំងបាយត្រូវបានរសាត់បាត់ជាថ្មី ក្រោយរឿងរបស់លោកបានពន្យារពេលបញ្ចាំងជាលើកទី២។
តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់លោក កថាជ័យ បានឱ្យដឹងថា ៖ « កូវីតវាទះកំភ្លៀង កូវីតវាធាក់មួយជើង មកពីស្រុកស្រែវិញបើកភ្នែកកូវីតវាម៉ាត់១ដៃ។ បងប្អូនអើយខ្ញុំសូមសន្លប់១៤ថ្ងៃ សន្លប់ខ្នាតធំ។ ១៤ថ្ងៃក្រោយរាប់ហើយហៅឈ្មោះខ្ញុំផង ក្រែងខ្ញុំងើបមិនរួច»។
ទោះយ៉ាងណាយើងក៏សង្ឃឹមថា រលកការឆ្លងជាសហគមន៍ពេលនេះនឹងអាចគ្រប់គ្រងបាន ហើយឃុំគ្រងប្រទេសកម្ពុជាឱ្យចៀសឆ្ងាយពីមេរោគរាតត្បាតនេះឆាប់ៗផងដែរ៕