កាលពីប៉ុន្មានម៉ោងនេះ Marvel Studios បានប្រកាសថា Black Panther 2 នឹងចាប់ផ្តើមដំណើរការថតជាផ្លូវការនៅក្នុងអំឡុងខែកក្កដាឆ្នាំ២០២១ នេះ ដោយចាប់ផ្តើមថតនៅរដ្ឋ អាត្លង់តា សហរដ្ឋអាមេរិច ហើយអាចនឹងចំណាយពេលប្រមាណជា៦ខែដើម្បីបញ្ចប់ការផលិត និងគ្រោងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ ។
តាមរយៈប្រភពព័ត៌មានបន្ថែមបានឱ្យដឹងថាលោក Narcos ដែលជាតារាសម្តែងម៉ិចស៊ីចកូ នឹងដើរតួសម្តែងជា Tenoch Huerta គឺជាតួអង្គ villain ចិត្តអាក្រក់។ ចំណែកឯ Letitia Wright, Lupita Nyong’o, Winston Duke និង Angela Bassett ដែលបានសម្តែងនៅក្នុងរឿង Black Panther ឆ្នាំ ២០១៨ អាចនឹងត្រលប់មកវិញសម្រាប់រឿង Black Black Panther 2 នេះ ដោយនាង Letitia Wright ដែលដើរតួរជា Shuri អាចនឹងត្រូវដើរតួនាទីកាន់តែធំនៅក្នុងសាច់រឿងបន្ទាប់ពីមរណភាពរបស់ លោក Chadwick Boseman ដែលជាតួអង្គ Black Panther។
Marvel Studios ក៏បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងតែគិត និងរៀបចំសាច់រឿងថ្មី ប្លែក ដើម្បីជាការរម្លឹកដល់កិត្តិយសលោក Chadwick Boseman ហើយក្រុមហ៊ុនក៏គ្មានគម្រោងយកបច្ចេកវិទ្យា CGI មកជំនួសមុខលោក Chadwick Boseman នោះទេព្រោះវីរបុរស និងជាស្តេចនៃអាណាចក្រ Wakanda យើងក៏បានស្លាប់បាត់បង់នៅក្នុងជីវិតពិតដែរ ដែលនេះជារឿងដ៏សោកសៅបំផុតសម្រាប់ក្រុមការងារ Marvel Studios និងអ្នកគាំទ្រសាច់រឿងស៊េរី Marvel ទាំងអស់។
គួរឱ្យដឹងផងដែរថា លោក Chadwick Boseman បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០២០ ក្នុងអាយុ ៤៣ ឆ្នាំ បន្ទាប់ពីលោកបានទ្រាំទ្រ និងប្រយុទ្ធជាមួយជំងឺមហារីកពោះវៀនអស់ជាច្រើនឆ្នាំតែម្នាក់ឯងតាំងពីឆ្នាំ២០១៦ ដោយលាក់នឹងក្រុមហ៊ុន និងអ្នកគាំទ្ររហូត។ ដោយតារាសម្តែងរូបនេះ បានប្រយុទ្ធប្រឆាំងនឹងជំងឺនេះតាំងពីអំឡុងពេលថតរឿង Black Panther, Avengers: Infinity War និង Avengers: Endgame មកម្ល៉េះ៕