ជំងឺកូវីត១៩ ដែលគេដាក់ឈ្មោះឱ្យថា « ជំងឺរាតត្បាតជាសកល » បានធ្វើពិភពលោកភ័យខ្លាច និងរអារជាខ្លាំងដោយសារតែវាជាវីរុសដ៏កាចសាហាវ ងាយឆ្លង ថែមទាំងប៉ះពាល់ដល់ផ្លូវដង្ហើមរហូតធ្លាក់ដល់សភាពធ្ងន់ធ្ងរប្រសិនជាមិនបានធ្វើការព្យាបាលទាន់ពេលវេលា។
បើគិតចាប់ពីថ្ងៃឆ្លងរាលដាលនៃវីរុសនេះដំបូង មកទល់ថ្ងៃនេះ មានរយៈពេល១ឆ្នាំពេញហើយ កូវីត១៩ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ហើយនៅទូទាំងសកលលោក ដោយសាយភាយនៃការឆ្លងវីរុសនេះពាសពេញទ្វីបទាំងអស់លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ថែមទាំងបានចម្លងទៅកាន់មនុស្សសរុបចំនួន ៥៧,៣៥០,២៦៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៣៦៧,៧៣១នាក់បានស្លាប់បាត់បង់ជីវិត និង ៣៩,៨២៥,៨២៦នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញនៅទូទាំងសកលលោក។
ទោះកូវីត១៩ មានអាយុកាល១ឆ្នាំហើយក៏ដោយ តែក៏មិនទាន់មានវិធីសាស្ត្រណាមួយជាក់លាក់អាចព្យាបាលជំងឺនេះនៅឡើយនោះទេ ហេតុដូច្នេះហើយបានជាប្រទេសមហាអំណាចមួយចំនួនបានងាកមកស្រាវជ្រាវនៃការផលិតវ៉ាក់សាំងវិញដើម្បីបង្ការការឆ្លងរាលដាលបន្ថែមទៀត ដោយក្នុងនោះ មានប្រទេសធំៗ៤ បានប្រកាសជាផ្លូវការថា ខ្លួនមានលទ្ធភាពរកឃើញវ៉ាក់សាំងកូវីត១៩បានយ៉ាងជោគជ័យទៀតផង។
ប្រទេសទាំង៤ ដែលអះអាង និងតាំងខ្លួនថាផលិតវ៉ាក់សាំងកូវីត១៩ ជោគជ័យ មានដូចជា៖
១. ប្រទេសរុស្ស៊ី
កាលពីខែសីហា ឆ្នាំ២០២០ ប្រទេសរុស្ស៊ីបានដាក់ឈ្មោះវ៉ាក់សាំងកូវីដ១៩ ដែលខ្លួនរកឃើញជាលើកដំបូងថា Sputnik Vដោយរដ្ឋាភិបាលរុស្ស៊ីបានឱ្យដឹងថា ប្រទេសរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ពីប្រទេសជាង២០នៅទូទាំងពិភពលោក ដែលមានចំនួនរហូតដល់ទៅ ១ពាន់លានដូស។ នៅក្នុងនោះសូម្បីតែប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាស និងអះអាងថា កូនស្រីរបស់លោកបានចាក់វ៉ាក់សាំងនេះរួចហើយប្រកបដោយជោគជ័យទៀតផង។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្នកវិទ្យាសាស្ត្រជាច្រើននៅទូទាំងពិភពលោក មិនទាន់អាចផ្តល់ការទុកចិត្តទាំងស្រុង ទៅលើវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីនេះនៅឡើយទេ។
២. ប្រទេសចិន
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសចិនបានអះអាងថា មនុស្សជិត ១លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន សាយណូផាម (Sinopharm)។ ដោយកាលពីអំឡុងខែមិថុនា និងកក្កដា ចិនបានចាក់វ៉ាក់សាំង COVID-19 ដែលខ្លួនបានអភិវឌ្ឍនោះ ទៅលើបុគ្គលិកជួរមុខផ្នែកសុខាភិបាល និងមន្ត្រីពាក់ព័ន្ធដទៃៗទៀត ក៏ដូចជាទៅលើក្រុមនិស្សិតចិន ដែលត្រូវទៅបន្តការសិក្សា នៅក្រៅប្រទេសផងដែរ។
តែយ៉ាងណា វ៉ាក់សាំងទាំងនោះ មិនទាន់បញ្ចប់ការធ្វើតេស្ត ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាទាំងស្រុងនៅឡើយទេ។
៣. សហរដ្ឋអាមេរិច
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអភិវឌ្ឍឱសថដ៏ធំរបស់អាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា ពួកគេបានដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក(FDA)។ ដោយក្រុមហ៊ុនទាំងពីរ ថែមទាំងបានគូសបញ្ជាក់ថា ពួកគេអាចបឹងទទួលបានអាជ្ញាប័ណ្ណ សម្រាប់ប្រើប្រាស់វ៉ាក់សាំង ទៅលើក្រុមដែលមានហានិភ័យខ្ពស់ នៅចុងខែធ្នូខាងមុខនេះតែម្តង។
ក្រុមហ៊ុន ទាំង២នេះ ក៏បានប្រកាសថា លទ្ធផលថ្មី នៃការវាយតម្លៃចុងក្រោយ ទៅលើការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ រមានប្រសិទ្ធភាពរហូតដល់ ៩៥% និងមិនមានផលប៉ះពាល់ណាមួយ ត្រូវបានរាយការណ៍ទេ។
៤. ប្រទេសអូស្ត្រាលី
ប្រទេសអូស្ត្រាលី ក៏បានប្រកាសថាខ្លួនបានស្រាវជ្រាវរកឃើញវ៉ាក់សាំង កូវីត១៩ដូចគ្នា ដោយបច្ចុប្បន្នវ៉ាក់សាំងនេះ បាននឹងកំពុងតែធ្វើការពិនិត្យមើលប្រសិទ្ធិភាព និងសមត្ថភាព នូវប្រភេទវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងមានការវាយតម្លៃពីអង្គការសុខភាពពិភពលោក។
បន្ថែមពីនេះ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Kang បានថ្លែងថា ប្រទេសរបស់ខ្លួន នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ។
សូមបញ្ជាក់ថា បើទោះបីជាប្រទេសធំៗទាំង៣នេះ សុទ្ធតែអះអាងនៃការសម្រេចជោគជ័យក្នុងការផលិតវ៉ាក់សាំងកូវីត១៩ យ៉ាងណាក៏ដោយ តែអង្គការសុខភាពពិភពលោក រួមទាំងស្ថាប័នពាក់ព័ន្ធនានាពិភពលោក មិនទាន់បានចេញសេចក្តីប្រកាសទទួលស្គាល់ថាវ៉ាក់សាំងប្រទេសណាមានប្រសិទ្ធភាពឬក៏អត់នៅឡើយទេ។ ដូច្នេះការរកឃើញវ៉ាក់សាំងកូវីត១៩ នៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យ និងមានភាពស្រពិចស្រពិលនៅឡើយនៅះទេ៕