កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំជោគវាសនាជាតិទាំងមូល សម្តេចបានលើកឡើងថា សម្តេចមិនអាចគិតតែលើការងារប្រលងមួយមុខ ហើយនាំហានិភ័យផ្នែកសុខភាពសម្រាប់បេក្ខជនប្រឡង និងសង្គមទាំងមូលនោះឡើយ។
ហើយនៅទីបំផុត ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ នេះ ដោយយោងទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសកំណត់ឲ្យបេក្ខជនដែលចុះឈ្មោះប្រឡងបាក់ឌុបទុតិយភូមិថ្នាក់ទី ១២ និងសិក្សាបឋមភូមិថ្នាក់ទី ៩ទាំងអស់ ជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេស ។
គួរឱ្យដឹងផងដែរថា តាមរយៈ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ ដោយក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕