តាំងពីជំងឺកូវីត១៩ ដែលជាជំងឺឆ្លងជាសកលរាតត្បាតលើប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោកមក ប្រជាជនទាំងអស់ហាក់ស៊ាំជាខ្លាំងជាមួយនឹងពាក្យថា Quarantine (ចត្តាឡីស័ក) នេះ ដែលបានន័យថាការដាក់អ្នកជំងឺនៅដាច់ដោយឡែក។
តែយ៉ាងណាក៏មានចម្ងល់ជាច្រើនសួរថា តើពាក្យនេះទាំងខ្មែរ និងបរទេស មានប្រភពពីណាហើយតើវាបកប្រែថាការឃុំខ្លួន១៤ថ្ងៃឬ? ដូច្នេះដើម្បីជ្រាបច្បាស់មកតាមដានអត្ថបទខាងក្រោមនេះ ៖
ចត្តាឡីស័ក តាមភាសាខ្មែរបាលី ចត្តាឡី មានន័យថា ៤០ និង ស័កមានន័យថារយៈពេល សរុបមក ចត្តាឡីស័ក មានន័យថារយៈពេល៤០ថ្ងៃ ហើយនៅជាភាសាបរទេសថា Quarantine បកប្រែថា ៤០ ថ្ងៃដូចគ្នា។ ដោយពាក្យនេះគឺប្រើសំដៅលើការការពារកុំឲ្យជំងឺរាតត្បាតរីករាលដាលឆ្លងទៅអ្នកដទៃ ដោយដាក់អ្នកជំងឺឲ្យរស់នៅដាច់ដោយឡែកចេញឆ្ងាយពីអ្នកដទៃដែលមិនមានជំងឺ។
ពាក្យបរទេស Quarantine (ចត្តាឡីស័ក) គឺត្រូវបានប្រើប្រាស់ដំបូងនៅប្រទេស អ៊ីតាលី នៅទីក្រុងវឺនីស (Venice) ដែលសំយោគចេញ ពីពាក្យអ៊ីតាលី ថា “Quarantino” ដែលមានន័យថា ៤០ (សែសិប)។ ពាក្យនេះត្រូវបានប្រើនៅសម័យកាលជំងឺអាសន្នរោគខ្មៅ (Black plaque) ដែលកើតមាននៅតំបន់អ៊ឺរ៉ុបនៅសតវត្សទី១៤ ដោយរដ្ឋបាលក្រុងវឺនីស កំណត់ឲ្យរាល់សមាជិកនាវិក កម្មករ និងអ្នកដំណើរទាំងអស់ នៅក្នុងកប៉ាល់ដែលចូលចតកំពង់ផែនៅទីក្រុងនេះ ត្រូវស្ថិតនៅលើកប៉ាល់របស់ខ្លួន និងមិនអនុញ្ញាតឲ្យឡើងគោក ចំនួន៤០ថ្ងៃ។
នាពេលបច្ចុប្បន្ននេះ រាល់ពេលដែលមានជំងឺអាសន្នរោគរាតត្បាតម្ដងៗ រយៈពេលដែលត្រូវប្រើក្នុងការធ្វើចត្តាឡីស័ក គឺខុសៗគ្នាទៅតាមប្រភេទជំងឺ និងរយៈពេល ហើយការគ្រប់គ្រង គឺមន្ត្រីរដ្ឋាភិបាលឬអ្នកបច្ចេកទេសសុខាភិបាលជាអ្នកគ្រប់គ្រងបន្ទប់ចត្តាឡីស័កនេះ។
ដូច្នេះសរុបមកពាក្យថា Quarantine (ចត្តាឡីស័ក) គឺមិនបានសំដៅថាត្រូវឃុំដាច់ដោយឡែកចំនួន ៤០ថ្ងៃឡើយ តែគេប្រើពាក្យនេះជាទូទៅ បានន័យថា គឺជាការឱ្យអ្នកនៅជំងឺរស់នៅដាច់ដោយឡែក ដោយរយៈពេលនៃការដាក់ដោយឡែកគឺតាមប្រភេទជំងឺតែប៉ុណ្ណោះ ដោយបានន័យថាទោះដាក់ដោយឡែក ១ថ្ងៃ ៧ថ្ងៃ ឬ១៤ថ្ងៃ គឺនៅតែហៅថា Quarantine (ចត្តាឡីស័ក) ដដែល៕