លោកតា ព្រហ្ម ម៉ាញ គឺជាវីរសិល្បករបុរាណផ្នែកអាយ៉ៃ ដែលមានឈ្មោះល្បីជាច្រើនជំនាន់មកហើយ តាមរយៈវោហាស័ព្ទកំប្លែងស្ងួតមិនចេះជិនណាយ ដោយថ្មីៗនេះលោកបានហក់មកវិធីសិល្បៈសម្តែងវិញម្តង ដែលជាដំណឹងមួយដ៏រីករាយសម្រាប់អ្នកគាំទ្រ។
វត្តមាននៃការសម្តែងរបស់លោក ព្រហ្ម ម៉ាញ ត្រូវបានប្រកាសជាផ្លូវការដោយផលិតកម្ម Kongchak Picturesកាលពីប៉ុន្មានម៉ោងនេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរំភើបត្រេកអរជាខ្លាំង។
តាមរយៈគណនីផ្លូវការរបស់ ផលិតកម្ម Kongchak Pictures បានឱ្យដឹងថា ៖
« យើងសូមបង្ហាញជូននូវផ្ទាំងរូបភាពដំបូងនៃភាពយន្តខ្មែរខ្នាតធំថ្មីសម្រាប់ឆ្នាំ ២០២១ គឺរឿង “លោកគ្រូប្រពន្ធល្អ” ។ នេះជាលើកដំបូងហើយដែលវីរៈសិល្បករខ្មែរ លោក ព្រហ្ម ម៉ាញ បានចូលរួមសម្តែងជាតួអង្គឯកក្នុងភាពយន្តខ្នាតធំបែបនេះជាមួយនឹងតារាភាពយន្តខ្មែរល្បីៗជាច្រើនរូបទៀត។ ភាពយន្តនេះជាស្នាដៃនិពន្ធ និង ដឹកនាំរឿងដោយលោក ឆាយ បូរ៉ា ក្រោមកិច្ចសហការផលិតរួមគ្នារវាង ផលិតកម្មកងចក្រភីកឈ័រ និង ផលិតកម្មដើមត្នោត។ គ្រោងនឹងបញ្ចាំងក្នុងពេលឆាប់ៗនេះ!
#សង្ខេបរឿង
លោកគ្រូ ធី មានអាយុ៦០ឆ្នាំ គឺជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរថ្នាក់ទី ១២។ ក្តីសុបិន្តចុងក្រោយរបស់គាត់មុនចូលនិវត្តន៍គឺចង់បោះពុម្ភសៀវភៅដែលគាត់ខំសរសេរតាំងពីឆ្នាំ ១៩៧៩។ ចំណែកប្រពន្ធរបស់គាត់គឺជាស្រ្តីមេផ្ទះ និង ជួយរកចំណូលតាមរយៈការធ្វើនំអន្សមលក់។ ពួកគាត់ទាំងពីរមានកូនចំនួន៤នាក់ដែលរស់នៅដោយភាពរីករាយ។ ប៉ុន្តែថ្ងៃមួយកូនតុងទីនរបស់គាត់ ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធបានដេញតុងទីន ហើយប្រមូលលុយទៅសហរដ្ឋអាមេរិកបាត់។ ជាមួយគ្នានេះដែរគាត់ត្រូវជួបនឹងរឿងឈឺក្បាលជាច្រើនទៀតដែលបានកើតឡើងក្នុងពេលតែមួយ។ តើលោកគ្រូធីនឹងត្រូវដោះស្រាយបញ្ហាដោយរបៀបណា?»។
យ៉ាងក្តីយើងមិនទាន់ដឹងទេថា ខ្សែភាពយន្តដែលសម្តែងដោយ តារាជើងចាស់លោកតា ព្រហ្មម៉ាញ នឹងចាក់បញ្ចាំងជាផ្លូវការនៅពេលណានោះទេ ដូច្នេះមានតែរង់ចាំទស្សនាទាំងអស់គ្នានាពេលក្រោយ៕