ដូចយើងដឹងហើយថា ជំងឺកូវីត១៩ ដែលជាជំងឺរាតត្បាតជាសកល បានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនទូទាំងពិភពលោក រួមទាំងធ្វើឱ្យប្រទេសជាច្រើនជួបវិបត្តិសេដ្ឋកិច្ចផងដែរ។
តែអាចថាជារឿងមួយគួរឱ្យត្រេកអរ អស់រយៈពេល ១ឆ្នាំមកនេះនូវការរាតត្បាតកូវីត១៩ ប្រទេសជាច្រើនបានធ្វើការស្រាវជ្រាវ និងរុករកវ៉ាក់សាំងការពារជំងឺនេះបានសម្រេចហើយ តែមិនទាន់មានការធានាគុណភាពពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ពេលនេះខ្លួនបាននឹងកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ចំនួន២របស់អាមេរិក គឺ Pfizer និង Moderna ដើម្បីពិនិត្យលទ្ធភាពយកវ៉ាក់សាំងក្រុមហ៊ុនទាំងពីរ ចែកចាយទៅកាន់ប្រទេសក្រីក្រ ដោយលក់ក្នុងតម្លៃសមរម្យផងដែរ។
កន្លងមក ស្ថាប័ន COVAX របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថានឹងធានាដល់ការបែងចែកវ៉ាក់សាំងកូវីដ១៩ ដោយស្មើភាពនៅជុំវិញពិភពលោក នៅពេលពិនិត្យច្បាស់លាស់ថាមានគុណភាពអាចប្រើប្រាស់បាន ដោយក្នុងនោះគឺត្រូវការ ២ពាន់លានដូស ត្រឹមចុងឆ្នាំក្រោយ។ ហើយកន្លងមក WHO ក៏បានត្រៀមបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ រាប់រយលានដូសពីក្រុមហ៊ុន AstraZeneca, Novavax និង Sanofi-GSK រួចមកហើយ៕