web analytics
Sunday, March 7, 2021

មកស្គាល់កូនខ្មែរអូស្ត្រាលីមួយរូប ​ដែលជាអ្នកជំនាញកែពណ៌ និងផលិតរូបភាព VFX ​អន្តរជាតិ ​ដែលឈ្នះពានពីសហរដ្ឋអាមេរិច​(មានវីដេអូ)

លោក ​Tim Pek  (ធីម ​ប៉ិក) ​ត្រូវបានអន្តរជាតិទទួលស្គាល់ថាជាអ្នកជំនាញកែពណ៌ និងផលិតវីដេអូដ៏មានស្នាដៃលេចធ្លោមួយរូប ​ដែលលោកគឺជាកូនខ្មែរ ​ដែលធ្លាប់ភៀសខ្លួនសម័យសង្គ្រាមទៅជំរុំខៅអ៊ីដាងក្នុងឆ្នាំ ១៩៨៤ និងបន្តទៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ ១៩៨៨ រហូតដល់សព្វថ្ងៃ។

ដ្បិតតែលោកគឺជាក្មេងកំព្រា តែលោកបានប្រឹងប្រែងតស៊ូរៀនសូត្រ និងរស់នៅប្រទេសអូស្ត្រាលី រហូតបានក្លាយជាអ្នកជំនាញកែពណ៌ និងផលិតរូបភាព VFX  ថែមទាំងមានការងារល្អជា ​Motion  Graphic Designer  ដ៏ល្បីមួយរូបនៅក្នុងប្រទេសអូស្ត្រាលីផងដែរ។

ទោះមានជីវភាព និងការងារនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីដែលជាប្រទេសជឿនលឿន តែ លោក ​Tim Pek  (ធីម ​ប៉ិក) មិនដែលបំភ្លេចប្រទេសកំណើតម្តងណាឡើយ ​ជារឿយៗលោកតែងតែមកលេងប្រទេសកម្ពុជា ​ថែមទាំងបានផ្តិតវីដេអូដ៏ស្រស់ស្អាតទោអួតបង្ហាញពិភពលោកទៀតផង។ ​

ជាពិសេសនៅក្នុងអំឡុងវិស្សមកាលរបស់​លោក ​Tim Pek  (ធីម ​ប៉ិក) រយៈពេល២សប្តាហ៍  លោកថែមទាំងបានផលិតវីដេអូ I am Angkor Wat  ដែលជាវីដេអូផ្តិតទេសភាពស្រស់ស្អាត និងការកច្នៃប្រកបដោយភាពរស់រវើក ដោយវីដេអូនេះបានឈ្នះពានអន្តរជាតិអាមេរិច នៅក្នុងមហោស្រពភាពយន្តអាស៊ី និងមហោស្រព ​One  Realer Film Competition កាលពីដើមឆ្នាំ ​២០២០ ទៀតផង។

គួរឱ្យដឹងផងដែរថា ​លោក ​Tim Pek  (ធីម ​ប៉ិក) បានមកប្រទេសកម្ពុជាចុងក្រោយកាលពីខែមករា ឆ្នាំ ២០២០  ដើម្បីផ្តិតរូបភាពវីដេអូ ផលិតជាឯកសារវីដេអូជាច្រើន ​ថែមទាំងបានបើកបង្រៀនវគ្គខ្លីបណ្តុះបណ្តាលពីជំនាញកែពណ៌របស់លោកផងដែរ។ ​បន្ថែមពីនោះជារឿយៗលោកតែងតែជួយទទួលកែពណ៌វីដេអូ ​របស់ផលិតកម្មមួយចំនួននៅក្នុងប្រទេសកម្ពុជាទៀតផង៕

សូមទស្សនាវីដេអូដែលឈ្នះពានអន្តរជាតិដូចខាងក្រោមនេះ ៖


- Advertisement -
- Advertisement -