web analytics
Monday, March 8, 2021

រឿងពិសេសនឹកស្មានមិនដល់ ដែលនាំឱ្យ ព្រះបាទ​ជ័យ​វរ្ម័នទី​៧ កសាង​ « ​ស្រះស្រង់ » ​​ឡើង​

ខេត្តសៀមរាប ​គឺជាខេត្តដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរល្បីៗ ​ជាច្រើនកន្លែង ​ជាពិសេសគឺប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ ​តែក្រៅពីប្រាសាទបុរាណ ​ស្រះស្រង់ ​ក៏ជាទីកន្លែងបុរាណដែលទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរថា ​តើស្រះបុរាណនេះសាងសង់ដើម្បីអ្វីកាលពីជំនាន់មុន?

#មូលហេតុនៃការសាងសង់ស្រះស្រង់

ស្រះស្រង់ ត្រូវបាន​ដូនតា​ខ្មែរ​ជីក​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ដោយស្រះ​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ខាងកើត​ប្រាសាទបន្ទាយក្តី ខាងត្បូង​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាងកើត មាន​បណ្តោយ​៧៨០​ម និង​ទទឹង​៣៨០​ម ដោយមាន​រានហាល​ដ៏​ស្រស់ស្អាត សាងសង់ឡើង​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយមាន​រាង​កាកបាទ មាន​បង្កាន់ដៃ​នាគ និង​មាន​តោ​ឈរ​យាមផ្លូវ​ផងដែរ​។​

ស្រះ​នេះ​សាងសង់ ដោយមាន​ទឹក​ជាប់​ជានិច្ច និង​មាន​ទេសភាព​ស្រស់បំព្រង​ព័ទ្ធជុំវិញ តែ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះទេ​។ ស្រះ​នេះ​ពឹង​ទៅលើ​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។​ ​បើតាម​អ្នក​បុរាណវិទ្យា​ខ្លះ​យល់ថា ស្រះ​នេះ​ជីក​ឡើង​មិន​មែនមាន​នាទី​ស្រោចស្រព​កសិកម្ម ឬ​ជាទី​សក្ការៈ​ដូចជា​កសិណ​អង្គរ ឬ​បារាយណ៍​ជាដើម​នោះទេ​ ​គឺ​កសាងឡើង​សម្រាប់​ការកម្សាន្ត​របស់​ព្រះមហាក្សត្រ​នា​សម័យបុរាណ និង​មានកូន​ប្រាសាទ​មួយ​នៅ​ចំ​កណ្តាល ជាទី​ដែល​ព្រះអង្គ​ទ្រង់​យាង​តាម​ទូក​ទៅ​ស្តាប់​តន្ត្រី​ផ្សេងៗ​។

បច្ចុប្បន្ន គេ​អាច​មើលឃើញ​កូន​ប្រាសាទ​នេះ នៅ​រដូវប្រាំង​ពេលដែល​មានទឹក​រាក់​។ ​​ប៉ុ​ន្តែ​ក៏មាន​ការកត់សំគាល់​ខ្លះ​ផងដែរ​ចំពោះ​តួនាទី​ប្រាសាទ​ដ៏​តូច​មួយ​ដែល​ឋិត​នៅ​ចំ​កណ្តាល​ស្រះស្រង់​នោះ ដែល​បង្កើត​នូវ​ជំនឿ​ថា ជា​ទឹកមន្ត​ដ៏​ស័ក្តិ​សិទ្ធ​ពោរពេញ​ដោយ​បារមី​និង​តេជានុភាព​ក្នុងការ​លើករាសី​ព្រះមហាក្សត្រ​តាមបែប​ពិធី​ពុទ្ធ​រាជ ឬក៏​ការ​ស្រោចស្រង់​មនុស្ស​សត្វ​ក្នុង​វដ្ត​សង្សារ​នេះ​។ បើ​ពិត​យ៉ាង​ដូច្នេះ​មែន មុខងារ​នៃ​ទឹកស្រះ​ស្រង់​ក៏​មិន​ខុសពី​ទឹក​អ​ម្រិ​តនៃ​ប្រាសាទនាគព័ន្ធ​ប៉ុ​ន្មា​ន​នោះដែរ​។

តែយ៉ាងណា ក៏មានមតិមួយតំណាលថា ព្រះបាទជ័យវរ្ម័នទី៧ បានកសាងបន្ថែមនៅទីកន្លែងចាស់នៃស្រះស្រង់នេះ។ មានគោលបំណងពីរសំខាន់ៗ៖

-បម្រើជាប្រព័ន្ធធារាស្រ្តដែលអ្នកស្រុករស់នៅជុំវិញបរិវេណស្រះស្រង់អាចយកទឹកមកផ្គត់ផ្គង់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់លើដីស្រែសម្ការ។

-ព្រះអង្គបានកសាងប្រាង្គមួយនៅចំកណ្តាលស្រះសម្រាប់គង់សមាធិ ប៉ុន្តែប្រាង្គនោះនៅសេសសល់តែខឿនប៉ុណ្តោះ៕

ដកស្រង់ប្រភពពី ៖ km.wikipedia.org


- Advertisement -
- Advertisement -