web analytics
Friday, February 26, 2021

១៤ ធ្នូ​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ការដាក់បញ្ចូលក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក

កាលពីថ្ងៃទី ១៤ ធ្នូ ១៩៩២ រយៈពេល ​២៨ឆ្នាំមុន ប្រទេសកម្ពុជាបានទទួលមហាកិត្តិយសខ្លាំងបំផុតដោយត្រូវបាន ចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ ។

បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធិសាស្រ្តនិងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយសុីសុី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣ ។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានត្រួសត្រាយផ្លូវដ៏សំខាន់ក្នុងកិច្ចការពារលើកតម្កើងកត្តិនាមដ៏ឧត្តុង្គឧត្តមនៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានជូនដល់កូនចៅជំនាន់ក្រោយនៃប្រជាជាតិកម្ពុជា៕

ដកស្រ់ងចេញពី៖ Royal du Cambodge


- Advertisement -
- Advertisement -