web analytics
Friday, October 15, 2021

សារភាពមិនលាក់លៀម «រឿង វិប្បដិសារី នៃផ្សែងបារី»​​ គឺជារឿងពិតរបស់ផលិតករល្បី កថាជ័យ (មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា លោក​​ ហ៊ុយ​ យ៉ាឡេង​ ឬហៅ​ កថាជ័យ​ ​គឺជាផលិតករ​​​ និងជាម្ចាស់ផលិតកម្ម ដែលមានស្នាដៃជាច្រើននៅក្នុងការផលិតភាពយន្តសុទ្ធសឹងតែទទួលបានប្រជាប្រិយភាពខ្លាំង​ ។​ តែបន្ទាប់ពីបានផ្អាកសកម្មភាពភាពយន្តដោយសារតែវិបត្តិកូវីដ១៩​​​​ ជិតមួយឆ្នាំពេញ​ ថ្មីៗនេះលោក ហ៊ុយ​ យ៉ាឡេង​​ បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា​ «១ម៉ោងដើម្បីសង្គមជាតិ »​ ដែលអត្ថន័យ និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុច​ធំៗ​​ ទី១​គឺការចុះធ្វើកម្មវិធីសប្បុរសធម៌​ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន​ និងទី២​​គឺការផលិតរឿងអប់រំខ្លី​ពីសង្គម​​ ជីវិត​​​ ច្បាប់ចរាចរណ៍​ ដល់សង្គមជាតិជាច្រើនទៀត។​​​​

ពេលនេះផងដែរវីដេអូអប់រំខ្លី «រឿង វិប្បដិសារី នៃផ្សែងបារី​ » ត្រូវបានចាក់ផ្សាយនៅក្នុងកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ »​ ដែលសាច់រឿងនេះអប់រំស្តីពីវិបត្តិនៃការជក់បារី​ បង្កប់គន្លឹះនៃការអប់រំក្នុងសង្គមយ៉ាងខ្លាំង​ និងរឿងស្នេហាកម្សត់ព្រាត់ប្រាស់ផងដែរ។ សាច់រឿងនេះ និយាយពីគូស្នេហ៍មួយគូ ដែលខាងប្រុសគឺជាអ្នកដែលញៀនបារីខ្លាំង ហើយផ្សែងបារីបានធ្វើឱ្យមនុស្សស្រីជាទីស្រលាញ់រងគ្រោះរហូតដល់ស្លាប់​  ដោយក្នុងនោះមានឈុតឆាកជាច្រើនដែលបង្ហាញពីទង្វើមិនល្អនៅក្នុងទម្លាប់ជក់បារីជាច្រើន។

តែមិននឹកស្មានថានៅក្នុងសាច់រឿងនេះ បើតាមលោក កថាជ័យ បានឱ្យដឹងថា​នៅក្នុងសាច់រឿងអប់រំនេះ ក៏មានឈុតឆាកស្តែងពីរឿងពិតនៅក្នុងជីវិតរបស់លោកដែ​រ​ ដែលទី១​ ឈុតត្រង់យុវជនជក់បារីត្រូវគេដេញចេញពីតូបលក់អីវ៉ាន់ គឺជារឿងពិតរបស់លោកពូរបស់លោកកថាជ័យ​ ដែលធ្លាប់ជួបពិតប្រាកដដោយផ្ទាល់។

ចំណែក​​ឈុតទី២​ ដែលតួប្រុសយកបារី៣ដើម​ មកជក់​ រួចយកបារីបន្ថែមក្នុងកែវស្រាដើម្បីបានស្រាខ្លាំង​​ នេះគឺជាទម្លាប់ពិតរបស់លោក កថាជ័យ តែម្តង។​ សារភាពដោយមិនលាក់លៀម​លោកកថាជ័យ បានឱ្យដឹងថា៖ « លោកធ្លាប់ជាមនុស្សញៀនបារីខ្លាំង​ ហើយទម្លាប់ដែលតួប្រុសយកបារីដាក់ក្នុងកែវស្រាផឹក​ ក៏ជាអ្វីដែលលោកធ្លាប់ធ្វើជាប្រចាំដែរ​  តែដោយសារតែគិតពីសុខភាព និងភ្ញាក់រលឹកខ្លួនទាន់ លោកក៏បានសន្យាថានឹងផ្តាច់បារីរហូតដល់សព្វថ្ងៃ​»។

ដើម្បីជ្រាបច្បាស់​ សូមតាមដានវីដេអូអប់រំរឿងខ្លី «រឿង វិប្បដិសារី នៃផ្សែងបារី​ » ខាងក្រោមនេះ ៖

 


- Advertisement -
- Advertisement -