ប៉ូលីសចរាចរណ៍ប្រចាំច្បារអំពៅ លោកពូ រស់ហ៊ន ត្រូវបានមហាជនសម្តែងក្តីអាណិតអាសូរជាខ្លាំង ក្រោយពីលោកពូដែលជាប៉ូលីសគំរូម្នាក់នេះ ធ្លាក់ខ្លួនឈឺធ្ងន់ គឺជម្ងឺដុះដំសាច់ក្រោមថ្លើម ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ ទាំងក្នុងជីវភាពដែលកំពុងខ្វះខាត ក្រោយពីរូបលោកបានចូលសំរាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រកាលពីថ្ងៃទី០៦ធ្នូ។
ការធ្លាក់ខ្លួនឈឺរបស់ប៉ូលីសចរាចរណ៍មួយរូបនេះ បានធ្វើឱ្យមហាជន និងប្រជាពលរដ្ឋទូទៅក្តុក្តួលខ្លាំង ថែមទាំងមានការគៀងគរផ្តល់ជំនួយជាបន្តបន្ទាប់រាប់តាំងពីប្រជាជនសាមញ្ញ និងម្ចាស់ជំនួញអនឡាញធំៗផងដែរ។
តែប្រាកដជាមានអ្នកឆ្ងល់ហើយថា ត្រឹមតែជាប៉ូលីសចរាចរណ៍ហេតុអ្វីលោកពូម្នាក់នេះមានគេគោរពស្រលាញ់ច្រើនម្ល៉េះ តោះមកតាមដានទាំងអស់គ្នាខាងក្រោម។
លោក រស់ ហ៊ន មានងារជាអនុសេនីយ៍ឯក រស់ ហ៊ន មានឋានន្ដរសក្កិ អនុសេនីយ៍ឯក ពាក់ស័ក្កិ៣ គឺជាប៉ូលិសចរាចរណ៍នៅច្បារអំពៅ(ប៉ូលីសផ្នែកសណ្ដាប់ធ្នាប់) ដែលមហាជនតែងតែឃើញធ្វើសកម្មភាពសម្រួលចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ នៅចំណុច មុខផ្សារច្បារអំពៅ។ ទោះមានជីវភាពមិនល្អ តែប៉ូលីសចរាចរណ៍ម្នាក់នេះ តែងតែត្រូវបានគេឃើញថា ប្រឹងប្រែងបំពេញការងារខ្លួនឯងយ៉ាងល្អ ដោយក្តីពេញចិត្ត។ ជាពិសេសមិនថាមានឧបសគ្គ ស្ទះខ្លាំង ដីហុយ មិនថាយប់ទថ្ងៃហាលភ្លៀង ទាំងឈឺទាំងជា ក៏គាត់នៅតែបំរេីការងាររបស់ខ្លួនបានយ៉ាងល្អជានិច្ច ដល់ថ្នាក់មេឃភ្លៀងខ្លាំងយ៉ាងណាក៏លោកពូសុខចិត្តពាក់អាវភ្លៀងបំពេញការងារទៀតផង។
ដោយសារតែឃើញលោកពូជាមនុស្សប្រឹងប្រែង ហត់នឿយ ក្នុងការបំពេញការងារមិនដែលរអ៊ូរទាំសោះបែបនេះហើយ លោកពូបានទិញទឹកចិត្តប្រជាពលរដ្ឋនៅម្តុំច្បារអំពៅ និងអ្នកដែលឆ្លងកាត់ មានចិត្តគោរពអាណិតស្រលាញ់គ្រប់ៗគ្នា ហើយតែងតែចងចាំទឹកចិត្តនូវការលះបង់របស់លោកពូជាខ្លាំង រហូតមានពលរដ្ឋមួយចំនួនតែងតែទិញទឹក ទិញភេសជ្ជៈជូនលោកពូជាការលើកទឹកចិត្តទៀតផង។
ជាក់ស្តែងព្រោះតែទង្វើល្អរបស់លោកពូនេះហើយ បានជាការធ្លាក់ខ្លួនឈឺរបស់លោកពូ បានធ្វើឱ្យបណ្តាប្រជាពលរដ្ឋសឹងតែមួយប្រទេសមានការអាណិតអាសូរ និងផ្តល់ជំនួយជាបន្តបន្ទាប់ ជាពិសេសគឺបុគ្គលក្នុងអនឡាញតែម្តង។
ហើយខាងក្រោមនេះជាម្ចាស់ជំនួយធំៗ ជួយដល់លោកពូ រស់ហ៊ន ជាបន្តបន្ទាប់៖
– អ្នកស្រីទ្រីដាណា 1000$
- បងស្រីអូន និងស្វាមី 20,000,000រៀល (5000$ )
-ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ២.០០០.០០០រៀល
-លោកឧត្តមសេនីយ៍ទោស្នងការរងបាននាំយកអំណាយឯកឧត្តម ស ថេត នូវទឹកប្រាក់ចំនួន៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេស ទឹកក្រូច០២កេស ទឹកដោះគោឆៅ០២ឡូ និងថវិកា ១.៥០០.០០០រៀល
-ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ៤,០០០,០០០រៀល
សង្ឃឹមថាការផ្តល់ជំនួយជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋខ្មែរអាចចូលរួមចំណែកជួយដល់ជីវភាព និងការព្យាបាលរបស់ប៉ូលីសគំរូម្នាក់នេះឱ្យឆាប់ជាសះស្បើយ ត្រលប់មកបម្រើការដូចដើម៕